នាសម័យព្រះរាជាព្រះនាមវិមលធម្មរាជ សោយរាជ្យក្នុងវិទហនគរ មានបុរសម្នាក់ឈ្មោះកុល្លិយៈ ជាមេស្រុកមានភរិយាឈ្មោះនាងកែវកេសី និងកូនស្រីដ៏ស្រស់ស្អាតឈ្មោះកុលកេសី។ នៅជិតផ្ទះនោះ មានបុរសកំសត់ម្នាក់មានកូនប្រុសម្នាក់ឈ្មោះកុដុម្ពីក៍។ កុដុម្ពីក៍បានស្រឡាញ់នាង កុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ ដោយខ្លាចឳពុកម្តាយកុលកេសីធ្វើទោស អ្នកទាំងពីរ បានពង្រត់គ្នាទៅរស់នៅស្រុកមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ ហើយនាង កុលកេសីយកចិញ្ចៀនមាសមួយវង់ទៅជូនមេស្រុកសុំលោះប្តី។ ពេលមេស្រុកបង្គាប់ពួកចោរឲ្យ ដោះលែងកុដុម្ពីក៍ អ្នកទាំងពីរក៏សុំមេស្រុកធ្វើជាឪពុកធម៌។ អ្នកទាំងពីររស់នៅដោយសុខសាន្ត រហូតដល់មេស្រុកស្លាប់ទៅ កុដុម្ពីក៍ក៏ក្លាយជាអ្នកធំស្រុកនោះ និងមាននាមថា កុលកោដិកុដុម្ពីក៍ សេដ្ឋី។
កុលកោដិកុដុម្ពីក៍សេដ្ឋីនិងនាងកុលកេសី មានកូនស្រីម្នាក់ឈ្មោះនាងកុមារី។ ពេលនាង កុមារីអាយុបាន ៧ឆ្នាំ មានស្រីមេម៉ាយឈ្មោះកាឡីមានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី និងកូន ប្អូនឈ្មោះចន្ទាសាលិនី មានបំណងចង់ដណ្តើមយកកុលកោដិកុដុម្ពីក៍សេដ្ឋីជាស្វាមី។ នាងកាឡី មានបងស្រីម្នាក់ ជាគ្រូមន្តអាគមចេះដាក់ស្នេហ៍យ៉ាងពូកែ។ នាងកាឡីបានឱ្យបងស្រីខ្លួនដាក់ ស្នេហ៍កុដុម្ពីក៍ រហូតកុដុម្ពីក៍ងប់ងល់និងយកនាងជាប្រពន្ធចុង។ មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ សេដ្ឋីធ្លាក់ខ្លួនជាអ្នកក្រ។ នាងកាឡីមួលបង្កាច់កុលកេសីឥតលោះពេល ថាជាស្រីចង្រៃ និងមាន សាហាយ ធ្វើឱ្យកុដុម្ពីក៍ជេរវាយនាងកុលកេសីរាល់ថ្ងៃ។ ទីបំផុតកុដុម្ពីក៍នាំនាងកុលកេសីទៅបង់ត្រី រួចវាយទម្លាក់ទឹកស្លាប់ទៅ។ នាងកុលកេសីក៏កើតជាត្រីដំរីនៅកំពង់ទឹកនោះ។ លុះកុដុម្ពីក៍ត្រឡប់ មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹកយ៉ាងកំសត់។ នាងទេពធីតាឃើញ ហើយអាណិតកុមារីក៏ប្រាប់ថាម្តាយនាងស្លាប់កើតទៅជាត្រីដំរីហើយ។ កុមារីស្រែកហៅម្តាយ ទាល់តែម្តាយហែលមកជិតប្រាប់កូនអំពីដំណើររឿងសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារី ថាជាមរណមាតា។ នាងតែងធ្វើការគ្រប់មុខបម្រើនាងកាឡីនិងកូនចុងដោយកំសត់វេទនាពន់ពេក និងតែងតែយកកន្ទក់ទៅបាចជាចំណីឱ្យម្តាយជារៀងរាល់ថ្ងៃ។
ពេលដឹងថានាងកុលកេសីទៅកើតជាត្រីដំរី នាងកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រី ដំរីមកសម្លាប់។គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងមរណមាតា។ មរណមាតាក៏ យកទៅដាំដុះជាដើមត្រប់ពីរដើមមានផ្លែផ្កាល្អហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ នាងកាឡីដឹង រឿងក៏តាមឈ្នានីសយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ គ្រានោះមានឆ្មាញីមួយពាំ ឫស ទុកឲ្យមរណមាតា នាងក៏យកឫសត្រប់នោះទៅដាំទៀត។ ឫសត្រប់នោះដុះភ្លាមកើតជាដើម រលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស។ នាងកុលកេសីកើតជាទេពធីតានៅចាំរក្សាទីនោះ។ នាងមរណមាតាតែងនមស្ការដើមរលួសមាសរាល់ព្រឹកល្ងាច។
វេលាមួយព្រះបាទវិមលធម្មរាជយាងចេញប្រពាតព្រៃ បានឃើញដើមរលួសនោះក៏សព្វ ព្រះរាជហរទ័យ។ ពេលព្រះអង្គជ្រាបថាដើមរលួសនោះជារបស់នាងមរណមាតា ទ្រង់ក៏ត្រាស់ហៅនាងមកហើយត្រាស់សុំដើមរលួសនោះ ។ មរណមាតាព្រមថ្វាយព្រះរាជាប៉ុន្តែពេលដែលទ្រង់បញ្ជារ រាជបុរសទាំងឡាយជីកគាស់ ក៏ពុំរបើកបន្តិចសោះ។ លុះដល់នាងមរណមាតាបួងសួងទើបដើមរលួសនោះសណ្តកប្ញសឡើងអណ្តែតលើអាកាសតាមស្តេចទៅកាន់ព្រះរាជវាំងតែនៅសំកាំងលើអាកាសមិនចុះមកដីសោះ។ ព្រះរាជាឱ្យនាំនាងមរណមាតាទៅក្នុងរាជវាំងបួងសួងទើបរលួសនោះចុះមកដីរួចតាំងទីនៅក្នុងអាងមាសហើយគេសន្មតឈ្មោះថា សុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសីហើយទ្រង់សួរប្រវត្តិនាងតាំងពីដើមរហូតដល់ចប់ ។
ក្រោយមកឆ្លៀតពេលព្រះរាជាយាងចេញទាក់ដំរី នាងកាឡីបានរកឧបាយសម្លាប់ព្រះមហេសីមរណមាតា ដោយចាត់ឱ្យគេជីករណ្តៅដាំប្រេងដូង១ខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ។ រៀបចំរួចស្រេច នាងកាឡីបានឱ្យកូនស្រីរបស់នាងជាអ្នកទៅបញ្ឆោតព្រះមេហេសីមរណមាតាថាឳពុកឈឺធ្ងន់ហៀបនឹងស្លាប់ចង់ជួបនាងមុនពេលមរណកាល។ ពួកភិលៀងក្នុងវាំងហែហមព្រះមហេសីមរណមាតាទៅជួបឳពុកនៅឯផ្ទះ។ មុននឹងទៅជួបឳពុក នាងកាឡីប្រាប់ឱ្យព្រះមហេសីដោះគ្រឿងប្រដាប់ទុកមួយឡែកហើយស្រង់ទឹកសិន ។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹកព្រះមហេសីមរណមាតាជាន់ក្តារភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងសុគតទៅ។ នាងកាឡីក៏បានយកគ្រឿង អលង្ការបស់ព្រះមហេសីមរណមាតាបំពាក់ឱ្យនាងចន្ទាសាលិនី ជាកូនស្រីដែលមានមុខមាត់ ដូចគ្នានឹងព្រះមហេសីមរណមាតាដើម្បីបន្លំខ្លួនទៅរួមរស់ជាមួយព្រះរាជាជំនួសវិញ ។ ពួកភិលៀងមិនបានដឹងក៏នាំនាងចន្ទាសាលិនីចូលក្នុងព្រះរាជវាំង។ ឯរាជព្រឹក្សទាំងគូស្រពោនជ្រុះស្លឹកបាក់ មែក អស់រលីង ។
ក្រោយមករវាង៣ថ្ងៃព្រះរាជាទ្រង់យាងមកព្រះរាជវាំងវិញទ្រង់ឆ្ងល់ ក៏តាំងព្រះទ័យរកឱកាសនឹងចាប់ថ្នាក់ឱ្យបាន។ ចំណែកឯអដ្ឋិធាតុរបស់ព្រះមហេសីមរណមាតាត្រូវបានគេយកទៅចោលក្នុងព្រៃ។ ទេពធីតាមួយអង្គឈ្មោះនាងគិរីមេខលាដែលរស់នៅនាដើមជ្រៃ១ក្នុងព្រៃនោះបានយកឱសថទិព្វមកប្រស់ឱ្យរស់ឡើងវិញ។ នាងទេពធីតាប្រាប់ព្រះមហេសីមរណមាតាថាបើព្រះមហេសីនៅតែជាមនុស្សហើយត្រលប់ទៅនគរវិញ មុខជាគេពុំជឿទើបព្រះមហេសីត្រូវបរិភោគឱសថទិព្វឱ្យក្លាយជាសារិកា ហើយហើរចូលទៅ។ សារិកាទូលប្រវត្តិថ្វាយព្រះរាជាសព្វគ្រប់។ ព្រះរាជាទ្រង់សព្វព្រះរាជហរទ័យ ក៏យកចិញ្ចៀនមាស១វង់បំពាក់នៅជើងសារិកាដាក់ឱ្យនៅទ្រុងមាសក្នុងព្រះរាជវាំង។ សារិកាបួងសួងដើមរាជព្រឹក្សទើបដើមឈើនេះលូតលាស់មានស្លឹកនិងផ្លែផ្កាដូចដើមវិញ។ ក្រោយដឹងរឿងសព្វគ្រប់ ព្រះរាជាបញ្ជាឱ្យពេជ្ឈឃាដសម្លាប់នាងចន្ទាសាលិនីធ្វើផ្អកទាំងក្បាលរបស់នាងដាក់ពាងរួចផ្ញើទៅម្តាយឳពុកហើយប្រាប់ថាកូនផ្ញើមកជូន។ កុដុម្ពីរក៍និងកាឡី ទទួលផ្អករួចហើយលូកមើលទើបដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូនប្រពន្ធរត់ទៅជ្រកក្នុងព្រៃ ហើយ ត្រូវពស់ចឹកស្លាប់ទាំងអស់គ្នា។
ព្រះបាទវិមលធម្មរាជទ្រង់ឱ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលបណ្តោយឱ្យព្រះមហេសីមរណមាតាត្រូវគេសម្លាប់។ អាមាត្យបានកាត់ក្តីដាក់ទោសយាអករ៍ឱ្យមានទោសដល់ជីវិត។ យាយអករ៍នោះមានកូនស្រីម្នាក់ឈ្មោះឆន្ទាជាស្រីស្នំព្រះរាជា។ ស្រីស្នំឆន្ទាខឹងថាមកពីនាងសារិកានាំអុជអាលបានជាគេសម្លាប់ម្តាយនាង ហើយក៏គុំសម្លាប់នាងសារិកា។ ថ្ងៃមួយព្រះបាទវិមលធម្មរាជត្រូវយាងចេញទៅបង្ក្រាបចោរនៅជនបទទុកសារិកានៅក្នុងរាជវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាឱ្យទៅទាសីម្នាក់សម្លាប់ស្លស៊ី។ ទាសីនោះបានបោចរោមសារិកានោះអស់រួចក៏ចុះទៅដី នាងសារិកាបានរត់ចូលទៅក្នុងរន្ធកណ្តុរស ។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងជំនួសនាងសារិកាក៏ទៅខាំនាងឆន្ទាដាច់ច្រមុះរហូតឈឺ ស្លាប់។ នាងសារិកាបានលាស្តេចកណ្តុរសចេញទៅ ជួបនឹងពស់មួយដ៏ធំ ប៉ងនឹងចឹកនាងប៉ុន្តែមានត្រដក់មួយដ៏ធំខាំពស់នោះងាប់ទៅ ។ បន្ទាប់ពីនោះព្រះឥន្ទបើកទិព្វចក្ខុមកឃើញនាងសារិកាក៏ចុះមកនិម្មិតជាខ្លាធំ១លោតឡើងមែកជ្រៃស៊ីផ្លែជ្រៃ មែកទិសបស្ចិមក្លាយជាបក្សី។ បក្សីលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរ ក្លាយជាប្រើសមាស ។ ប្រើសមាសស៊ីផ្លែជ្រៃទិសបូព៌ាក្លាយជាស្វា ។ ស្វាស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សមានរូបល្អប្រកបដោយគ្រឿងអលង្ការល្អល្អះ។ មរណមាតាក្នុង រាងកាយជាសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមជាលំដាប់ក៏ក្លាយជារូបផ្សេងៗ រហូតទីបំផុតក្លាយជាមនុស្សស្រី។ មរណមាតាបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសមួយរូប។ តាបសនេះសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមក្នុងអាស្រម ។
ថ្ងៃមួយតាបស បានទៅស្រះបោក្ខរណីឃើញកុមារម្នាក់កើតក្នុងផ្កាឈូក ក៏យកមកឱ្យមរណមាតាចិញ្ចឹមដោយដាក់ឈ្មោះថាបុទុមកុមារ ។ បុទុមកុមារធំឡើងសាកសួរប្រវត្តិរបស់មាតាសព្វគ្រប់ ទើបលាមាតានិងតាបសទៅរកព្រះបិតាឯវិទេហនគរ យកទាំងព្រះទម្រង់ដែលព្រះរាជាបានចងជាប់នឹងជើងព្រះមហេសីកាលនៅជាសារិកានិងផ្លែជ្រៃទៅផង។ លុះបានជួបព្រះបិតាហើយ ក៏នាំព្រះអង្គមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរវិញ។ កាលបើព្រះមហេសីមរណមាតាបានជួបនឹងព្រះរាជា ហើយបានសោយសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និង ស្តេចកណ្តុរសក៏ព្រះរាជទានដល់ពួកអ្នកកម្សត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយជាដរាប តទៅ។
ខ្លឹមសារនៃរឿង៖ រឿងមរណមាតាជាខ្សែភាពយន្តបុរាណ បែបមនោសញ្ចេតនា កំសត់ សោកសង្រែង រៀបរាប់ពីខ្សែជីវិតកំសត់ ព្រាត់ប្រាសរបស់នាងមរណមាតាដែលត្រូវរងទុក្ខវេទនាគ្រប់បែប យ៉ាងដោយសារការធ្វើបាបនិងឈ្នានីសរបស់ម្តាយចុង និងបងចុង។ ប៉ុន្តែដោយសារភាពកត្តញ្ញូ និងអំពើល្អរបស់នាង បានធ្វើឲ្យមរណមាតាបានរួច ចាកទុក្ខទោសទាំងពួង និងមានភ័ព្វវាសនា ក្លាយជាអគ្គមហេសីរបស់ព្រះរាជា។
ចូលអាន