(ភ្នំពេញ)៖ ថ្មីៗនេះមានដំណឹងលេចឮថា បរវកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 នឹងត្រូវដកចេញពីតំណែង តើដំណឹងនេះវាជាការពិតដែរឬទេ? ទាក់ទងទៅនឹងប្រធានបទរឿងដ៏ក្ដៅគគុកមួយនេះ បានធ្វើឱ្យមានហ្វេនដែលគាំទ្រកម្មវិធីជាច្រើនមានការងឿឆ្ងល់ជុំវិញទាក់ទងនឹងរឿងនេះ ដោយមានសំនួរជាច្រើនបានចោទសួរ និងចង់ដឹងពីមូលហេតុច្បាស់លាស់អំពីរឿងនេះ។ យ៉ាងណាមិញ លោក អុិន សុភិន ដែលជាអ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះ បានត្រៀមខ្លួនសម្រាប់ការបកស្រាយជុំវិញនឹងរឿងនេះ ដោយលោកប្រកាសតាមរយៈសំណេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា នឹងធ្វើសន្និសីទកាសែតក្នុងពេលឆាប់ៗនេះផងដែរ ដោយក្នុងអត្ថបទនេះលោកបានសរសេរថា៖ <អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្ររគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសារធារណ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា។>
បើតាមរយៈអត្ថបទសំណេរខាងលើរបស់លោកដែលបានសរសេរនោះ ហាក់ដូចជាមានរឿងជាច្រើនដែលបានលាក់បាំងនៅពីក្រោយខ្នងនៃរឿងនេះ ។ មកទល់នឹងពេលនេះលោកក៏មិនទាន់បានសម្រេចចិត្តភ្លាមៗដែរ ដូចពាក្យចចាមរាមដែលនិយាយថានឹងត្រូវដកសិទ្ធបេក្ខនារី សេង រដ្ឋា Miss Grand Cambodia 2020 នេះឬក៏អត់នោះទេ ដូច្នេះមានតែរងចាំតាមដានលោកនឹងធ្វើសន្និសីទសារព័ត៌មានក្នុងពេលឆាប់ៗខាងមុខនេះ និងប្រាប់ពីការសម្រេចចិត្តរបស់លោកផងដែរ។
បញ្ជាក់៖ យ៉ាងណាមិញកម្មវិធីការប្រកួត Miss Grand International 2020 ក៏បានប្រកាសចាប់ផ្ដើមការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅឯប្រទេសថៃ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ Rith