ព័ត៌មាន​ទូទៅ
          
កម្មករមើលថែមាន់ ២ នាក់ នៅកន្លែងផ្ទុះជំងឺផ្ដាសាយបក្សី ត្រូវយកវត្ថុសំណាកទៅពិនិត្យហើយ

(បាត់ដំបង)៖ កាលពីថ្ងៃទី ១២ មករា ២០២១ នេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបង បានចុះយកវត្ថុសំណាក កម្មករ ២ នាក់ ដែលជាអ្នកថែ និង ប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉នបញ្ញាអាយុ ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ ដើម្បីយកទៅពិនិត្យនៅឯវិទ្យាស្ថានជាតិប៉ាស្ទ័រ ។ ការចុះយកយកសំណាកកម្មកររពីរនាក់ខាងលើ គឺស្ថិតនៅកសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជម្ងឺផ្តាសាយ H5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

 

 

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថាសុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតាទេពុំ មានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ ។ ក្រោយយកសំណាកពួកគេហើយលោកបាន ណែនាំ មិនអនុញ្ញាតិឱ្យកម្មករទាំងពីរនេះដើរហើយទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយ H5N1 ឬអត់ ។ តាមការបញ្ជាក់របស់លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា មានសត្វមាន់ប្រមាណ ១ ៣០០ ក្បាលបានងាប់បន្តបន្ទាប់ចាប់ពីថ្ងៃឌទី ៥ ដល់ថ្ងៃទី ៧ មករា ២០២១ ។ ក្រុមមន្ត្រីជំនាញបានសហការជាមួយម្ចាស់កសិដ្ឋាន មិនឱ្យយកមាន់ទាំងនោះទៅបរិភោគឡើយ ដោយបានបាញ់ថ្នាំសម្លាប់មេរោគ ហើយយកទៅកប់ចោល ។

 

 

លោក ប៉ែន សេដ្ឋា ក៏បានឱ្យដឹងដែរថា កន្លែងដែលផ្ទុះជំងឺផ្ដាសយបក្សីនោះ គឺមានចិញ្ចឹមមាន់ ទាកាប៉ា លក្ខណៈគ្រួសារ ហើយនៅឆ្ងាយពីលំនៅដ្ឋានរបស់អ្នកភូមិ ។ មួយវិញទៀតជំងឺផ្ដាសយបក្សីនេះ គឺមិនប៉ះពាល់ដល់មនុស្សនោះទេ ប៉ុន្តែទោះបីជាបែបនេះក្ដីប្រជាពលរដ្ឋត្រូវរក្សាអនាម័យ កុំយកមាន់ដែលងាប់ទៅចម្អិនបរិភោគឱ្យសោះ ត្រូវរាយការណ៍ជាបន្ទាន់បើមានករណីគួរឱ្យសង្ស័យណាមួយ ៕

 

 

 

 

 

ប្រភព៖ ប្រជាប្រិយ

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់