ព័ត៌មាន​ទូទៅ
          
អបអរសាទរ! កម្ពុជាចម្រាញ់បានដំណក់ប្រេងជាលើកដំបូង ក្នុងឈូងសមុទ្រព្រះសីហនុ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០នេះ យោងតាមសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានឱ្យដឹងថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ ។

 

 

 

សម្ដេចបានបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖ ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០ ។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។ កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០ ។

 

 

សម្ដេចបានបញ្ជាក់ផងដែរថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា ៕

 

 

 

 

ទស្សនាវីដេអូការផ្សាយផ្ទាល់ខាងក្រោម៖

 

 

ប្រភព៖ ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន

សម្រួលអត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់