(ភ្នំពេញ)៖ នៅក្នុងព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ជាព្រឹត្តការណ៍ដែលនាំឱ្យកម្ពុជាចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារនេះជាលើកដំបូងដែលមានការឆ្លងចូលសហគមន៍ ដែលជាព្រឹត្តការណ៍រកមិនឃើញក្បាលកន្ទុយថាមានប្រភពចេញពីទីណា ហើយកំពុងបង្កប់ខ្លួននៅទីណាទៀត ។
ជាមួយគ្នានោះដែរ គិតត្រឹមម៉ោង ០៧:០០ ព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ តាមរយៈសេចក្ដីជូនពត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បានបង្ហាញថា ចំនួនសរុបដែលបានធ្វើតេស្តនៅថ្ងៃទី ២៩-៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ មានចំនួន ៤៨៦៩ នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន ១៧នាក់ ដែលក្នុងចំនួននេះ បូកសរុបទាំងករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០៣ នាក់ បានរកឃើញនៅថ្ងៃទី ១ ធ្នូ ២០២០ នេះ ដែលពាក់ព័ន្ធទៅនឹង « ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា » ។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី មានចំនួន ០៣ នាក់ ដែលក្នុងនោះមាន ៖
-ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជម្ងឺស្ត្រីអាយុ ៣៦ឆ្នាំ ដែលមានស្វាមីអនុប្រធាននាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ ។ លទ្ធផលសំណាក វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
-ស្ត្រីជនជាតិខ្មែរអាយុ ២៥ ឆ្នាំ និងទារកប្រុស (ជនជាតិខ្មែរ) អាយុ ៧ខែ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លទ្ធផលសំណាក វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ប្រភព៖ ប្រជាប្រិយ
សម្រួលអត្ថបទ៖ Rith