ព័ត៌មាន​ទូទៅ
          
តើពិតដែរឬទេ? លេចឮពាក្យចរចាមអារាមថា តារាសម្ដែងតួឯកប្រុសលោក ហេង នរៈកក្កដា បានឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ តារាសម្ដែងរាងសង្ហារថែមទាំងជាកីឡាករបាល់ទាត់ឆ្នើមមួយរូបរបស់ក្រុមមហាហង្សអលស្ដារ គឺលោកហេង នរៈកក្កដា ស្រាប់តែថ្មីៗនេះបានលេចឮមានពាក្យចចាមអារាមមួយថារូបលោកកំពុងតែជាប់ខ្លួននៅក្នុងប្រទេសអូស្ដ្រាលី ថែមទាំងបានឆ្លងជម្ងឺកូវីដ១៩ តើដំណឹងនេះពិតដែរឬទេ?

 

 

ដោយយោងតាមការសម្ភាសន៍ជាមួយរូបលោក ហេង នរៈកក្កដា តាមរយៈសារអេឡិចត្រូនិចលោកបានបញ្ជាក់ថា ទាក់ទងនឹងព័ត៌មានដែលថារូបលោកកំពុងតែមានផ្ទុកវីរុសកូវីដ១៩នេះគឺមិនពិតនោះទេ លោកបានបញ្ជាក់បន្ថែមទៀតផងដែរ  ពេលនេះរូបលោកកំពុងតែជាប់នៅក្នុងប្រទេសអូស្ត្រាលីពិតមែន គឺលោកមានសុខភាពល្អជាធម្មតាទេ ដោយសារតែការវាយប្រហារពីជំងឺកូវីដ១៩នេះ ទើបធ្វើឱ្យរូបលោកពុំអាចត្រឡប់មកកាន់មាតុភូមិវិញបាន ។ បើគិតមកដល់ពេលនេះ លោកបានស្នាក់នៅប្រទេសអូស្ត្រាលីប្រហែល3ខែមកហើយ លោកពិតជាចង់វិលត្រលប់មកស្រុកកំណើតប្រទេសកម្ពុជាវិញណាស់ ប៉ុន្តែដោយសារជំងឺនេះមួយធ្វើឱ្យលោកមិនអាចវិលមកវិញបាន។

 

 

 

 

 

ទាក់ទងទៅនឹងជំងឺកូវីដ១៩នេះ លោកក៏បានផ្ដល់ដំបូន្មានណែនាំទៅកាន់បណ្ដាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមចូលរួមទប់ស្កាត់ការពារជំងឺនេះទាំងអស់គ្នា ត្រូវតែរក្សាគម្លាតពីគ្នាឱ្យបានឆ្លាយយ៉ាងហោចណាស់ក៏ពី១ទៅ២ម៉ែត្រដែរ និងត្រូវមានអនាម័យរាល់ពេលបរិភោគអាហារ ការលាងសម្អាតដៃជាមួយអាល់កុលឬសាប៊ូឱ្យបានញឹកញាប់ និងរៀងរាល់ពេលចេញក្រៅផ្ទះ ឬធ្វើដំណើរតាមដងផ្លូវនៅទីប្រជុំជន សូមពាក់ម៉ាស់ដើម្បីការពារ បើពុំមានការចាំបាច់ទេ គួរតែកុំចេញមកក្រៅផ្ទះ។ ជាចុងក្រោយលោកក៏សូមជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមឱ្យមានសុខភាពល្អគ្រប់ៗគ្នា ដោយជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះផង និងក៏សូមថ្លែងអំណរអរគុណទៅដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងតាមដានស្រាវជ្រាវព្យាបាលអ្នកជំងឺ និងយុទ្ធសាស្ត្រការការពារផ្សេងៗផងដែរ ដោយសង្ឃឹមថាប្រទេសជាតិយើងនឹងប្រទេសជាតិដ៏ទៃបានធូរស្បើយពីជំងឺដ៏កាចសាហាវមួយនេះ៕

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់