ព័ត៌មាន​ទូទៅ
          
មកដឹងវិធីសាស្ត្រខ្លះៗ ដើម្បីការពារជម្ងឺកូរ៉ូណា

(ភ្នំពេញ)៖ ថ្មីៗនេះពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងវីរុសជម្ងឺផ្លូវដង្ហើមប្រភេទថ្មីម្យ៉ាងដែលអាចបង្កធ្វើឱ្យមនុស្សស្លាប់បានយ៉ាងលឿនប្រសិនបើយើងព្យាបាលមិនទាន់ពេល ម៉្យាងទៀតវីរុសប្រភេទថ្មីនេះគឺអ្នកវិទ្យាសាស្ត្រពុំទាន់រកឃើញវ៉ាក់សាំងការពារឬក៏ថ្នាំសម្រាប់ព្យាបាលនោះទេ វាជាជម្ងឺប្រភេទថ្មីដែលកើតចេញសត្វឆ្លងមកមនុស្ស ដែលវាទើបតែកើតមាននៅដើមឆ្នាំ2020នេះតែម្ដង ។ វីរុសជម្ងឺប្រភេទថ្មីនេះមានឈ្មោះថា កូរ៉ូណាវីរុស (Coronavirus) វីរុសនេះចាប់ផ្ដើមកើតមានដំបូងនៅទីក្រុងអ៊ូហាន (ឬ វូហាន Wuhan) ភាគកណ្តាលប្រទេសចិនត្រូវគេជឿថាជាប្រភពនៃមេរោគនេះ ។  បើគិតមកដល់ថ្ងៃទី២៥ ខែមករានេះ ថាការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏សាហាវក្នុងប្រទេសចិនឥឡូវនេះបានសម្លាប់មនុស្សចំនួន ៤១នាក់ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ជិត ១៣០០ នាក់ ហើយសព្វថ្ងៃនេះវីរុសនេះកំពុងតែរីករាលដាលនៅក្នុងបណ្ដាប្រទេសអាស៊ី ដូចជា ចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់, ថៃ, វៀតណាម, ម៉ាឡេស៊ី, សិង្ហាបុរី, ជប៉ុន, កូរ៉េខាងត្បូង,...។

 

 

 

សម្រាប់កម្ពុជាវិញក៏ត្រៀមទប់ស្កាត់ជាមួយនឹងជម្ងឺនេះផងដែរ មកដឹងពីរោគសញ្ញាខ្លះៗនៃជម្ងឺនេះ មុនដំបូងវាអាចធ្វើឱ្យអ្នកជម្ងឺមានរោគសញ្ញា ហៀរសំបោរ, ឈឺក, ឈឺក្បាល, ឈឺទ្រូង, ក្ដៅខ្លួន, ពិបាកដកដង្ហើម, ចង្វាក់បេះដូងលោតញាប់, ក្អក, អត់ស្រួលក្នុងខ្លួន អស់កំលាំងល្ហិតល្ហៃ...។ ជម្ងឺនេះអាចឆ្លងតាមរយៈ ការស្រូបយកខ្យល់របស់អ្នកកណ្ដាស ឬក្អក, ឆ្លងតាមរយៈការប៉ះពាល់ជាមួយអ្នកជម្ងឺ ដូចជាការចាប់ដៃជាដើម, រស់នៅកន្លែងក្នុងតំបន់ដែលមានវីរុសនេះ, និងកង្វះអនាម័យ...។ យ៉ាងណាមិញក៏យើងមានវិធីបង្ការខ្លះៗផងដែរដើម្បីការពារកុំឱ្យវិរុសនេះអាចចម្លងជម្ងឺនេះមកលើមនុស្សបានដូចជា លាងដៃជាមួយសាប៊ូជានិច្ច, កុំនៅក្បែរ ឬប៉ះពាល់អ្នកមានវីរុសនេះ, កុំប៉ះភ្នែក ច្រមុះនិងមាត់ដោយដៃអ្នកមិនទាន់លាង, យកល្អពាក់ម៉ាស់ការពារនៅពេលចេញមកក្រៅផ្ទះ ៕

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់