ព័ត៌មាន​ទូទៅ
          
កញ្ញា ពេជ្រ ចរណៃ បង្ហាញពីអារម្មណ៍ក្នុងការសម្ដែងខ្សែភាពយន្តរឿងថ្មីមួយ!

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ កញ្ញា ពេជ្រ ចរណៃ ហាក់ដូចជាមានការមមាញឹក និងមានសន្ទុះខាងសម្ដែងភាពយន្ត​ខ្លាំងជាងមុន ជាក់ស្ដែងក្នុងពេលថ្មីៗនេះកញ្ញាទើបតែទទួលថតបញ្ចប់ខ្សែភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្មមហាហង្ស ក្នុងរឿង “ឯកា”
យោងតាមការសម្ភាសន៍ជាមួយនិងកញ្ញាបានឱ្យដឹងថា កញ្ញាបានចូលប្រលូកក្នុងវិស័យសិល្បៈតាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហើយកញ្ញាក៏ធ្លាប់បានចូលរួមប្រកួតកម្មវិធីប្រឡងបរវកញ្ញា ជាប់លេខ១នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ដ៍លេខ៩ ហើយនិងថតខ្សែភាពយន្តជាច្រើន ទាំងខ្សែភាពយន្តខ្នាតធំនិងរឿងភាគផងដែរបើគិតមកដល់ពេលបច្ចុប្បន្ននេះ ។

 

 

 

សម្រាប់ខ្សែភាពយន្តថ្មីនេះកញ្ញាសម្ដែងជាតួអង្គប្រពន្ធចុង ដែលមានអត្តចរិកកាចឆ្នាស់ ច្រណែនឈ្នានីសលើអ្នកដទៃ ដែលនេះជាអ្វីដែលកញ្ញាមិនចូលចិត្តបើធៀបទៅនិងអត្តចរិកពិតរបស់កញ្ញាឡើយ តែដើម្បីឱ្យខ្សែភាពយន្តនេះកាន់តែល្អ និងគួបផ្សំជាមួយបទពិសោធន៍របស់កញ្ញាដែលធ្លាប់សម្ដែងជាតួកាចពីមុនមកផង កញ្ញានឹងព្យាយាមសម្ដែងឱ្យបានល្អ ទោះបីជាតួអង្គដែលកញ្ញាមិនចូលចិត្ត តែកញ្ញានៅតែអាចសម្ដែងបានល្អ ។

 

 

 

កញ្ញាបានបង្ហាញអារម្មណ៍ដែលបានសម្ដែងនៅក្នុងរឿង “ឯកា” នេះ គឺជាខ្សែភាពយន្តមួយដ៏ល្អដែលខុសពីរឿងកន្លងមកដែលកញ្ញាធ្លាប់សម្ដែងពីមុនមក ដែលសាច់រឿងនិយាយឆ្លុះបញ្ចាំងពីជីវិតក្នុងសង្គមបច្ចុប្បន្នសព្វថ្ងៃនេះ ជាពិសេសនៅពេលដែលកញ្ញាមើលតួអង្គផ្សេងកំពុងសម្ដែងត្រង់ឈុតកំសត់ ធ្វើឱ្យកញ្ញាក៏លួចស្រក់ទឹកភ្នែកខ្លះដែរព្រោះសាច់រឿងនេះល្អហើយកំសត់ខ្លាំង អាណិតដល់តួអង្គឯកក្នុងរឿងនេះ ថ្វីត្បិតតែ កញ្ញាសម្ដែងជាតួអង្គកាចឆ្នាស់ក្នុងរឿងនេះក៏ដោយ ។ ជាចុងក្រោយកញ្ញាក៏បានផ្ដល់សារមួយបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួននិងផ្ដាំផ្ញើរជូនទស្សនិជនថា ក្នុងលោកនេះចិត្តស្ដ្រីទាំងអស់គ្នាគ្មានអ្នកណាចង់បានប្ដីមួយប្រពន្ធពីរនោះទេ ឬធ្វើជាប្រពន្ធចុងគេនោះទេ ដោយសារការចាញ់ពាក្យសម្ដីរបស់មនុស្សប្រុសពូកែលួងលោម កុហកបោកប្រាស់ថាខ្លួនមិនទាន់មានប្រពន្ធ ធ្វើឱ្យមនុស្សស្រីលង់ជឿ។ ចង់ដឹងថាខ្សែភាពយន្តខ្នាតធំរឿងថ្មីនេះមានអត្ថន័យយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនាឆាប់ៗខាងមុខនេះ!៕ 

 

 

 

 

 អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់