ព័ត៌មាន​ទូទៅ
          
ជា វិបុល រំភើបចិត្ត និងអរគុណដល់ ឱក សុគន្ធកញ្ញា និងអ្នកនាង និមល មកសួរសុខទុក្ខ!

ពិធីករសំបូរទៅដោយវោហាស័ព្ទ ចាក់ទឹកមិនលិច លោក ជា វិបុល រំភើបចិត្ត សប្បាយរីករាយពេលដែលបានឃើញ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា និងដៃគូពិធីការិនី អ្នកនាង និមល មកលេង និងសួរសុខទុក្ខប្រពន្ធរបស់លោក អ្នកនាង គង់ សុជាតិ ដែលទើបតែសម្រាលកូនថ្មីៗនេះ ហើយបាននិយាយពាក្យអរគុណផងដែរ។

 

 

ជាមួយគ្នានេះដែរ ពិធីករពោរពេញទៅដោយ ទេពកោសល្យ លោក ជា វិបុល ក៏បានបញ្ចេញសារអរគុណទៅដល់ កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង និមល ដែលមកលេង និងសួរសុខទុក្ខ។ លោក វិបុល បានភ្ជាប់សារយ៉ាងនេះថា៖ “សូមអរគុណមីងកញ្ញា និងមីងនិមល ដែល បានមកសួរសុខទុក្ខក្មួយ។ សូមជូនពរមីងទាំងពីរ ព្រមទាំងក្រុមគ្រួសារ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា”។

 

 

រូបថតប៉ុន្មានសន្លឹករបស់កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង និមល ពេលកំពុងទៅសួរសុខទុក្ខអ្នកនាង គង់ សុជាតិ និងបីកូនស្រីរបស់អ្នកនាង បានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រជាច្រើន។ គ្រាន់តែឃើញរូបថតនោះភ្លាម ម្នាក់ៗមិនបង្អង់យូរបាននិយាយ Comments ជាហូរហែរតៗគ្នា សរសើរទៅដល់ កញ្ញា ឱក សុគន្ធកញ្ញា ថាបីកូនរបស់អ្នកនាង គង់ សុជាតិ ស័ក្ខសមណាស់ មានន័យថា កញ្ញា សុគន្ធកញ្ញា ពូកែបីក្មេងណាស់ មើលទៅទំនងខ្លាំង។ ហើយអ្នកខ្លះទៀត ក៏បានចោទសួរវិញថា ពេលណាទើបបងកញ្ញារៀបការ? ចង់ឃើញបងរៀបការ និងមានកូនឆាប់ៗនេះ។

 

 

ទន្ទឹមនឹងនេះដែរ រឿងស្នេហារបស់ កញ្ញា ​ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ មិនទាន់ចេញជាច្បាស់ការណាមួយឡើយ ទោះបីជាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមនៅលើឆាកកម្មវិធីផ្សេងៗ ជាពិសេសការប្រគំតន្ត្រីម្តង ធ្វើអោយទស្សនិកជន និងអ្នកគាំទ្រ ចាប់អារម្មណ៍ជាខ្លាំង។

 

ដោយ GiMi Rotha

មតិយោបល់
បញ្ចេញមតិយោបល់